បទព្រហ្មគីតិ
| នេះបទព្រហ្មប្រាជ្ញប្រែ | ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី | |
| ឲ្យប្រិតប្រុងស្មាតី | គួរគប្បីឲ្យឧស្សាហ៏។ | |
| កុំខ្ជិលកុំល្ងង់ពេក | ខំរៀនលេខរៀនអក្ខរា | |
| រៀនគ្រប់សព្វធម៌អាថិ | ប្រាជ្ញាផ្សំនឹងគំនិត ។ | |
| កំណើតកើតជាមនុស្ស | មើលឲ្យធ្លុះទោះឆ្ងាយជិត | |
| ចេះស្ទាត់ប្រាកដពិត | គិតការអ្វីបានគ្រប់យ៉ាង។ | |
| មនុស្សល្ងង់មិនផ្អើលភ្ញាក់ | ដូចភ្នែកខ្វាក់ទាំងសងខាង | |
| មានរូបគ្មានអ្វីអាង | សាងបាបថោកកើតមកខ្លៅ។ | |
| ពូជមនុស្សទោះខ្ពស់ទាប | កាត់តាមភាពត្រកូលផៅ | |
| អាក្រក់ល្អសខ្មៅ | កាត់កូនចៅដូចដូនតា។ | |
| ពូជល្ងង់មិនបានបួស | ទុកជាទោសនឹងសាសនា | |
| អ្នកបួសចេះធម៌អាថិ | កូនសិក្សាខំរៀនសូត្រ ។ | |
| ពូជខ្លៅមិនសូវប្រាជ្ញ | ពូជកោងកាចមិនសូវស្លូត | |
| ពូជត្រង់ៗរហូត | ពូជភរភូតមិនផុតផៅ ។ | |
| ឪពុកម្តាយស្លូតត្រង់ | ចិត្តមិនចង់ឲ្យកូនខ្លៅ | |
| ជេរវាយស្តីប្រេដៅ | ឲ្យកូនចៅបានចេះដឹង។ | |
| ឪពុកគ្មានតំរិះ | ឃើញកូនចេះមិនដែលខឹង | |
| ឃើញកូនខំប្រិតប្រឹង | ឪពុកដឹងតែងត្រេកអរ។ | |
| ដាស់តឿនកើនរំលឹក | ជេរល្ងាចព្រឹកខ្លាចកូនក្រ | |
| ចង់ឲ្យតែកូនល្អ | លោមអង្វរឲ្យកូនខំ។ | |
| កូនកាចបំពេញទុក្ខ | ម្តាយឪពុកមានបារម្ភ | |
| កូនស្លូតដឹងគួរសម | មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ | |
| ឪពុកម្តាយក្សត់ខ្សោយ | កុំបណ្តោយឲ្យអាប់យស | |
| ខំរៀនឲ្យបានខ្ពស់ | គ្រាន់សង្រ្គោះដល់មេបា។ | |
| អ្នកល្ងង់ហេតុពីខ្ជិល | ឥតមន្ទិលរឿងធម៌អាថិ | |
| គួរកូនចៅសិក្សា | រៀនអក្ខរាទាំងប្រុសស្រី។ | |
| កាលអង្គព្រះសាស្តា | មានថេរាមានថេរី | |
| ភិក្ខុភិក្ខុនី | ធម៌បាលីចេះចាំស្ទាត់។ | |
| លោកសង្ឃខ្លះចេះស្ទើរ | ចេះភ្លើៗធ្វើឲ្យភ្លាត់ | |
| ព្រះអង្គទ្រង់សន្មត | សិក្ខាបទដល់ឥឡូវ ។ | |
| ទំលាប់ទំនៀមខ្មែរ | ខំធ្វើស្រែចង់បានស្រូវ | |
| អ្នករៀនច្បាប់ខុសត្រូវ | ទុកជាផ្លូវភ្លឺប្រាជ្ញា។ | |
| ស្រុកសៀមលាវបារាំង | ចេះតតាំងពីដូនតា | |
| ចេះលេខចេះអក្ខរា | សរសេរចារទាំងប្រុសស្រី។ | |
| ជាតិខ្មែរមិនចេះខ្មាស | នាំពីចាស់គំនិតខ្លី | |
| ល្ងង់ដប់ចេះពីរបី | ចេះជួញក្តីមិនចេះច្បាប់។ | |
| មិនចេះលេខអក្សរ | មុខមាត់ល្អប្រាជ្ញាអាប់ | |
| ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ | គេសូត្រប្រាប់ទើបបានដឹង។ | |
| ភ្នែកជាភ្លឺក្រលែត | ល្ងង់ព្រោះហេតុមិនខំប្រឹង | |
| កើតទាស់មានចិត្តខឹង | ពឹងរកគេសរសេរឲ្យ។ | |
| មនុស្សក្រហេតុពីខ្ជិល | មិនរមិលមើលមុខក្រោយ | |
| ម្យ៉ាងខ្សត់ពីព្រោះខ្សោយ | ញឹងខាងឲ្យរង្វើលរក ។ | |
| ម្យ៉ាងក្រពីព្រោះល្ងង់ | ជួញលិចលង់មិនលៃលក | |
| ទិញថ្លៃទៅលក់ថោក | ចេះតែយកគិតមិនយល់ ។ | |
| អ្នកមានៗគំនិត | ដេកដើរគិតកើតរវល់ | |
| ប្រាជ្ញាជាឫគល់ | កើតអំពល់អំពីទ្រព្យ។ | |
| អ្នកល្ងង់និងអ្នកចេះ | បើនឹងរិះរាយរៀបរាប់ | |
| អ្នកចេះប្រសើរគាប់ | ល្ងង់ឥតភ័ព្វអាប់រាសី។ | |
| មានរូបមានជីវិត | មិនចេះគិតចង់ដឹងអ្វី | |
| រូបប្រុសរិកដូចស្រី | នឹងហ៊ានស្តីគ្មានគេស្តាប់។ | |
| ល្ងង់ម្យ៉ាងមានអំណាច | ល្ងង់កោងកាចអាងចាក់កាប់ | |
| ឆាប់ខឹងមិនដឹងច្បាប់ | កាលណាស្លាប់គេត្រេកអរ។ | |
| អ្នកចេះតំរិះដល់ | អ្នកល្ងង់ឆ្ងល់មិនសល់ក្រ | |
| ចេះល្ឥតចិត្តជាល្អ | សួយអាករចូលមិនខ្វះ។ | |
| ចេះម្យ៉ាងមានអំណាច | អ្នកខ្លៅខ្លាចឱនសំពះ | |
| គេខុសជេរដៀលត្មេះ | អ្នកខ្លៅខ្លះគេលបខឹង។ | |
| ប្រាជ្ញម្យ៉ាងចេះសព្វសុស | ប្រព្រឹត្តខុសនោះមិនដឹង | |
| មិនគិតពិនិត្យថ្លឹង | ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ | |
| កូនចៅទោះធំតូច | ខុសខិលខូចខឹងវាយជេរ | |
| មារយាទខ្លួនខុសគេ | មិនគ្នាន់គ្នេរកិរិយាឯង ។ | |
| កូនចៅទាំងស្រីប្រុស | ការត្រូវខុសគួរគិតក្រែង | |
| គិតគ្រប់សព្វកន្លែង | តែងនឹងមានរាល់រូបកាយ ។ | |
| ភ្នែកបើកភ្លឺមានពិត | មើលឃើញជិតៗរៀងអាយ | |
| ភ្នែកធ្មេចមើលឃើញឆ្ងាយ | សព្វសុសសាយមិនសេសសល់។ | |
| រៀនរកស៊ីលក់ទិញ | ខាតចំណេញគិតឲ្យដល់ | |
| ឲ្យដឹងការកិច្ចកល | ទើបកើតផលប្រយោជន៏ខ្លួន។ | |
| ឲ្យរៀនលេខនព្ធន្ត | បូកហាគុណឲ្យមាំមួន | |
| ដីសនិងក្តារឆ្នួន | ក្រែងចិនយួនបំបាត់បាន។ | |
| ជញ្ជីងភ្នែកមានល្បាក់ | មើលឲ្យជាក់កុំប្រមាណ | |
| ក្រែងខុសខាតមិនខាន | ធ្លាប់រាប់អានកុំទុកចិត្ត។ | |
| ភ្នែកមនុស្សធំរលីង | ភ្នែកជញ្ជីងគេចុចល្ឥត | |
| អ្នកល្អថ្លឹងប្រឹងប្រឹត | ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ | |
| ចិនមានពីដូរលក់ | ស្រូវកន្ទក់កន្តាំងតៅ | |
| របស់ទោះឆ្អិនឆៅ | សំពត់អាវខោខ្មៅស។ | |
| ខ្មែរអាងស្រូវក្នុងដោក | ដូរថ្លៃថោកអាក្រក់ល្អ | |
| អស់ស្រូវទៅជាក្រ | អង្វរចិនជឿស្រូវឯង ។ | |
| ធ្វើស្រែនឿយហត់ណាស់ | ចិននៅផ្ទះដេកចំខែង | |
| ផ្ទះចិនពីរបីល្វែង | មានកន្លែងជង្រុកស្រូវ។ | |
| ជាតិខ្មែរឥតគំនិត | ស៊ីមិនគិតមើលខុសត្រូវ | |
| ជឿចិនរាល់រដូវ | កេរ្តិ៍ម៉ែឪចិនអូសអស់ ។ | |
| ចិនមកពីស្រុកនាយ | មានសំពាយជារបស់ | |
| មិនទាន់ចេះខ្មែរសោះ | គ្មានកេរកោះស្រែចំការ ។ | |
| កែវកចង្រ្កានឆ្នាំង | ផ្សំកំលាំងនិងប្រាជ្ញា | |
| អំរែកជិះលើស្មា | មានម្លូស្លាជាដើមទុន។ | |
| ទំនិញមានគ្រប់មុខ | ផ្ទាល់ផ្ទេរទុកដាក់ដោយធុន | |
| ចិនរែកមិនដែលពុន | ស្រូវជោរជន់ពេញជង្រុក។ | |
| ឈប់រែកដេកអង្គុយ | រាប់កាក់លុយប្រមូលទុក | |
| ឪទិនស្រាពីមុខ | ទុកជាធ្នាក់ទាក់កខ្មែរ ។ | |
| ចិនច្រើនខ្មាំងចិត្តខ្មៅ | កន្តាំងតៅធ្វើជាស្រែ | |
| គ្មានត្បាល់គ្មានអង្រែ | អង្ករខ្មែរចូលបាវចិន ។ | |
| ជាតិខ្មែរច្រើនឥតខ្មាស | ស្រេកស្រាណាស់ផឹកជឿសិន | |
| គំនិតគិតមិនឆ្អិន | ផឹកបង្ហិនតែទ្រព្យឯង ។ | |
| កំណើតអ្នកផឹកស្រា | បែកប្រាជ្ញាច្រើនកន្លែង | |
| អ្នកម្យ៉ាងបែកខាងល្បែង | មិនគិតក្រែងខ្លាចខ្លួនក្រ ។ | |
| អាម្យ៉ាងបែកលួចឆក់ | មារយាទអាក្រក់មិនបានល្អ | |
| ផឹកចោលការរបរ | ផឹកថ្មើម៉ានចិនមិនគិត ។ | |
| ថាចិនមិនចេះកាញ់ | ប្រាប់សំលាញ់ពួកម៉ាកមិត្ត | |
| គូកនទោះឆ្ងាយជិត | រឹតប្រមូលលុយឲ្យចិន ។ | |
| ត្រូវស្រាចង់ស៊ីឆ្ងាញ់ | ធុំឆាខ្លាញ់បក់ឆួលក្លិន | |
| ឃើញបាយសម្លឆ្អិន | ផ្គាប់ចិត្តចិនយកបាយស៊ី។ | |
| ផឹកទឹកបោយត្រលោក | មារយាទទាបថោករិកសៀធី | |
| ចិនប្រើសែងរែកលី | ស៊ីញយៗចិនមើលងាយ ។ | |
| ជាតិចិនកំណាញ់ស្វិត | នឹកក្នុងចិត្តមិននិយាយ | |
| មារយាទខ្មែរច្រើនរាយមាយ | រលាយទ្រព្យអភ័ព្វខ្លួន។ | |
| ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ | ទាបថោកដល់ប្រពន្ធកូន | |
| អាប់យសទាំងបងប្អូន | ដល់តាដូនពូជពង្សខ្មែរ។ | |
| ជាតិចិនសុទ្ធសឹងស | មានទ័លក្រខ្សត់ខ្លះដែរ | |
| ស៊ីផឹកស្និទ្ធតាមសែ | តមបាយខ្មែរមិនស៊ីសោះ ។ | |
| មានផ្ទះមានដំណាំ | កាប់ដីដាំដោយកៀនកោះ | |
| ដំឡូងត្រាវចេកម្នាស់ | ស៊ីមិនអស់ទុកលក់ដូរ ។ | |
| ខ្មែរច្រើនខ្ជិលប្រមឹក | កែងកោងរិកអួតអម្បូរ | |
| ខ្វះលុយអង្គុយថ្ងូរ | កើបបង្ហូរស្រូវជង្រុក ។ | |
| កូនអើយរឿងដំណាំ | គួរតែដាំឲ្យគ្រប់មុខ | |
| ដីកេរម្តាយឪពុក | មិនត្រូវទុកចោលទំនេរ ។ | |
| រាជការវាស់មានថ្លៃ | ផ្តិតមេដៃផ្តាច់ជាកេរ | |
| មិនវាស់លេងទទេ | រេរិះយកពន្ធរាល់ឆ្នាំ ។ | |
| ដូងស្វាយអំពៅចេក | កុំខ្ជិលពេកដេកប្រចាំ | |
| ម្លូស្លាម្រេចខ្ទឹមថ្នាំ | ត្រូវតែដាំកុំឲ្យខ្វះ។ | |
| ទេសឯកសំពត់ស | ដីវាលល្អដាំកប្បាស | |
| កុំខ្ជិលតាមចាស់ៗ | មនុស្សនឿយណាស់មិនដែលក្រ។ | |
| បន្លែដាំគ្រប់មុខ | យកគ្រាប់ទុកដាំបន្ត | |
| ចាក់ដីជាតិល្អៗ | បង្ការស្លពេលល្ងាចព្រឹក។ | |
| ម្លូស្លាថ្នាំខ្ទឹមម្រេច | លូតលាស់លេចពីស្រោចទឹក | |
| បានផលផ្លែរឺស្លឹក | កុំឆ្មើងរិកវាក្រខ្លួន។ | |
| ត្រីងៀតផ្អកប្រហុក | ខ្មែរគ្រប់ស្រុកទិញដូរយួន | |
| អំបិលធូបក្រមួន | ពីតាដូនតែងដូរទិញ។ | |
| ដូរទុកដាក់ដំកល់ | ស៊ីឲ្យដល់ខួបខែវិញ | |
| ឲ្យបរិបូរពោរពេញ | ខាតចំណេញកុំទិញតិច។ | |
| អំបិលទិញមួយចុង | ច្រកពេញអុងអាងខាងលិច | |
| កុំទិញក្តោបខ្ចប់វេច | អស់រំពេចគេចទិញទៀត។ | |
| អំបិលមួយស្រូវបី | វាល់នឹងល្អីទូលកណ្តៀត | |
| ខ្លួនក្រត្រដរេឆ្លៀត | មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។ | |
| កូនចៅទាំងប្រុសស្រី | គួរគប្បីប្រុងគំនិត | |
| ចិញ្ចឹមជន្មជីវិត | គិតឲ្យវែងកុំគិតខ្លី។ | |
| ទំនេរល្ហែធ្វើការ | សូត្រធម៌អាថិទាំងប្រុសស្រី | |
| ឲ្យត្រឹមត្រូវបាលី | ដូចស្រដីខាងដើមស្រាប់ ។ | |
| រាល់រូបទាំងប្រុសស្រី | កាលចេះស្តីព្រោះចេះស្តាប់ | |
| ម៉ែឪតំរូវប្រាប់ | កូនចៅត្រាប់តាមដូនតា។ | |
| ចាស់ម្យ៉ាងសាងសីលទាន | មិនបំពានខុសពុទ្ធដិកា | |
| កូនកាត់តាមមេបា | មិនទៅណាឆ្ងាយពីផ្លូវ។ | |
| ចាស់ម្យ៉ាងសាងផលកម្ម | ស្អប់សីលប្រាំដូចសត្រូវ | |
| កូនកាត់តាមម៉ែឪ | អាស្រូវភាសវិនាសខ្លួន ។ | |
| មិនជឿមគ្គជឿផល | ធ្លាក់ទៅដល់អបាយបួន | |
| កងកម្មចាំគំគួន | គេចវេះពួនមិនកំបាំង ។ | |
| ព្រះអង្គមានពុទ្ធដីកា | ប្រៀបឧមាជាទីតាំង | |
| ដូចគេមានកំលាំង | សំរាំងទុកទឹមរទេះ ។ | |
| នឹងបរផ្លូវវៀចត្រង់ | រឺនឹងចង់បរគេចវេះ | |
| កង់វិលមិនរបេះ | ជិះជើងគេមិនឃ្លាតឃ្លា។ | |
| រាល់រូបទាំងតូចធំ | ចូលរូងភ្នំរូងគុហា | |
| យកថ្មផ្ទាំងរាំងទ្វារ | កម្មវេរាតោងតាមបាន ។ | |
| កងសីលមានអង្គប្រាំ | វេរាកម្មដិតដោយដាន | |
| នរកប្រេតតិរច្ឆាន | ខានឃាត់ខាំងរាំងមគ្គផល ។ | |
| គួរខំសាងសីលទាន | យកនិពា្វនជាត្រើយថ្នល់ | |
| យូរឆាប់គង់តែដល់ | កុសលជួយចាកសង្សារ ។ | |
| កូនចៅរិះរេគិត | មើលគំនិតចិត្តដូនតា | |
| ប្រព្រឹត្តខុសសាសនា | គេចកិរិយាកុំធ្វើត្រាប់ ។ | |
| មើលចាស់ណាត្រឹមត្រូវ | ចុះក្នុងផ្លូវកន្លងច្បាប់ | |
| ចាស់ស្តីគប្បីស្តាប់ | ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។ | |
| គោរពគុណទាំងបី | សូត្របាលីតាមចំណាំ | |
| រក្សាអង្គសីលប្រាំ | កម្មវេរាតាមមិនទាន់ ។ | |
| សាសនានៅវែងឆ្ងាយ | កន្លងបា្លយជាងពីរពាន់ | |
| សព្វថ្ងៃលៃគ្នេគ្នាន់ | មិនទាន់គ្រប់ជាងប្រាំរយ។ | |
| ឥឡូវចិតប្រាំបី | នៅម្ភៃមួយខាងក្រោយ | |
| កូនចៅកុំបណ្តោយ | ឲ្យលិចលង់ក្នុងសង្សារ។ | |
| មានពាក្យចាស់ដំណាល | ថាកណ្តាលព្រះសាសនា | |
| ទំនាយក្បួនតំរា | ថានឹងរៀវហើយរីកវិញ ។ | |
| ហេតុនេះអស់កូនចៅ | ទោះល្ងង់ខ្លៅយ៉ាងណាមិញ | |
| ខំអុស្សាហ៏ទន្ទេញ | បំពេញពាក្យពុទ្ធទំនាយ។ | |
| តំណពីថ្ងៃនេះ | រៀនតំរិះកុំរាយមាយ | |
| កូនណាមិនស្វាធ្យាយ | មិនរលាយរលត់ទុក្ខ។ | |
| ដល់សាសនាគ្រប់គ្រាន់ | ជួបប្រាំពាន់ទៅខាងមុខ | |
| ទំនាយរាយទំនុក | ថាឪពុកម្តាយស្អប់កូន។ | |
| ថាកើតអន្តរកប្ប | គុំសម្លាប់គ្នាបងប្អូន | |
| មិនដឹងតាដឹងដូន | សូន្យសីលទានមិនមានសល់។ | |
| គួរគិតកុំសាងកម្ម | កាន់សីលប្រាំចាំដំកល់ | |
| ខំសាងមគ្គសាងផល | នឹងបានដល់ឋានសាន្តសុខ។ | |
| នឹងរួចពីកាប់ចាក់ | មិនបានធ្លាក់ទៅនរក | |
| ព្រះសិរអារ្យត្រាស់ខាងមុខ | រាសាយទុក្ខសោករាល់ថ្ងៃ។ | |
| នេះហៅច្បាប់បណ្តាំ | ថាពាក្យប្រាំៗមួយផ្ទូន | |
| បទព្រហ្មគ្រប់ឃ្លាបួន | ជួនចែងចប់ម្ល៉េះហើយហោង។ |
No comments:
Post a Comment