ច្បាប់ស្រី



នេះបទកំណត់ចងជា
ភុជង្គលីលា
ចងជាច្បាប់ស្រី។
កាលនាងឥរន្ទវតី
ចរចាកតាមប្ដី
គឺបុណ្យកយក្សា។
នាងនឹងត្រាច់ត្រង់តាមប្ដី
ចេញចាកអំពី
ពិភពនាគនេះ។
ទៅឋានមនុស្សលោកនាយអេះ
ចូរនាងចាំចេះ
បម្រើស្វាមី។
ធ្វើវត្តប្រតិបត្តិប្រក្រតី
កុំឲ្យស្វាមី
អាក់អន់ចិន្ដា។
នាងអើយគម្ដែង[១]ក្រឡា
ជាម្ចាស់សិរសា
កូនកុំមាក់ងាយ។
ហៃកូនស្រីមាសម្ដាយ
ក្រណាស់នាងអាយ
តាមដោយច្បាប់ស្រី។
ក្រមួយមិនបានសម្ដី
ពាក្យទន់តិចនៃ
ឲ្យញាតិចូលចិត្ត។
ក្រមួយមិនចេះរិះគិត
ឃើញញាតិឆ្ងាយជិត
ហៅឡើងឆីស្លា។
ទោះមានមិនមានក្ដីណា
ពាក្យផ្អែមចរចា
ទើបគេស្រឡាញ់។
កុំជួចិត្តស្មូរកំណាញ់
មិនមានអស់អញ
នឹងញាតិសន្ដាន។
កើតយសរបស់ផងបាន
កើតសុខក្សេមក្សាន្ដ
ពីព្រោះកូនស្រី។
ទោះនឹងនិយាយស្រដី
ការកេរជាស្រី
កុំស្ដីឡេះឡោះ។
ថាលេងដូចក្មេងញ៉េះញ៉ោះ
ឃើញប្រុសកម្លោះ
សសៀរចូលជិត។
សើចព្រៀងកញ្ឆៀងមិនគិត
ប្រុសព្រើលបានចិត្ត
វាហ៊ានដោយសារ។
ហៅស្រីអប្រិយឥតការ
ឥតមានឥរិយា
មារយាទក្នុងខ្លួន។
សើរើពុំធ្វើនឹងនួន
ស្រដីមិនមួន
មិនមានអៀនអន់។
ឃើញគេបៀតបែរគយគន់
សើចសួរចំអន់
ចំអកឲ្យប្រុស។
ហៅស្រីអប្រិយទុយ៌ស
មិនខ្លាចខ្លួនខុស
មារយាទក្រឹត្យក្រម។
ធ្វើការអង្គុយច្រឡំ
នឹងសមពុំសម
ថាឯងជាស្រី។
មិនកោតមិនខ្លាចចិត្តប្ដី
ឲ្យប្រុសដទៃ
មាក់ងាយប្ដីណា។
ហៅស្រីឥតលក្ខណា
ឥតមានកិរិយា
មារយាទពុំសម។
ធ្វើការផងណាប្រើខំ
ទោះត្បាញចាក់ដំ
នាងខំឲ្យហើយ។
កុំទុកទៅមុខទៀតឡើយ
ថាចាំបង្ហើយ
កម្រណាស់ណា។
ទោះធ្វើហូលគោមព្រែ[២]ផ្កា
ដាក់ត្បាញហើយណា
បានស្រេចសឹមធ្វើ។
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ
ហើយកុំឲ្យដើរ
លេងផ្ទះគេណា។
ឱស្ងួនខ្លឹមខ្លួនរក្សា
នាងខំធ្វើការ
ទាន់ខ្លួនក្រមុំ។
មានប្ដីបានអ្វីជាខំ
រវល់កូនយំ
កម្រចេះឆ្លាត។
ព្រួយចិត្តគំនិតចង្អៀត
មួយហើយមួយទៀត
យំទារតែឆី។
រីងព្រួយទាំងមួយទាំងពីរ
រកបានឲ្យឆី
ទើបបានបាត់មាត់។
ទៅកាន់ការធ្វើឲ្យស្ទាត់
ហូលគោមគាត់កាត់
អន្ទងត្បាញទៅ។
កុំទុកក្នុងស្មុគស្មាញនូវ
ក្រែងដល់យូរទៅ
ខាតខូចអសារ។
ហៃកូនស្រីស្ងួនមាតា
ចូរចាំរក្សា
កុំភ្លេចស្មារតី។
ចូររករៀនយកច្បាប់ស្រី
ឲ្យកោតខ្លាចប្ដី
គម្ដែងក្រឡា។
ធ្វើវត្តប្រតិបត្តិសោតណា
ឲ្យនាងរក្សា
ភ្នក់ភ្លើងទាំងបី។
ឲ្យកាត់ឲ្យគង់ប្រក្រតី
សព្វថ្ងៃកុំឲ្យបី
ភ្លេចផ្លុំឲ្យឆេះ។
ក្រែងរាលដូចដាលព្រាយប្រេះ
កើតក្ដៅរលេះ
រលាយអស់អង្គ។
ភ្លើងក្រៅកុំនាំទៅក្នុង
ឲ្យឆេះបំផ្លុង
ឬផ្លុំបង្កាត់។
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន
នាំមកបង្កាត់
ឲ្យឆេះឯក្រៅ។
អុជអាលបណ្ដាលឲ្យក្ដៅ
ដាលដល់កូនចៅ
អសោចអប្រិយ។
ឲ្យនាងខំប្រុងស្មារតី
មើលភ្លើងទាំងបី
រក្សាឲ្យគង់។
ភ្លើងនោះឲ្យកូនពុំលង់
នឹងឲ្យឧត្ដុង
ឧត្ដមកន្លង។
កើតយសរបស់ទ្រព្យផង
បរិបូរឥតហ្មង
ប្រសើរក្ដាត់ណា។
ភ្លើងមួយនោះឲ្យរក្សា
គឺគុណមាតា
បិតាស្ងូនគ្រង។
ឲ្យនាងធ្វើដោយគន្លង
ប្រណិប័តន៍កុំឆ្គង
នឹងម្ដាយឪពុក។
ឲ្យខំថែទាំញ៉ឹកញ៉ុក
ចំណីចំណុក
ចំណង់អាត្មា។
កុំឃ្លានទុកឆីឡើយណា
ឆ្ងាញ់ឈ្ងុយពិសា
ជូនជាប្រក្រតី។
ពាក្យពេចន៍ការកិច្ចអ្វីៗ
អត់ឱនកុំបី
ឲ្យអាក់ចិន្ដា។
ភ្លើងមួយគម្ដែងក្រឡា
គឺប្ដីអាត្មា
ឋិនថេររួមរ័ក្ស។
ឲ្យនាងប្រណិប័តន៍ជឿជាក់
កុំធ្វើឲ្យអាក់
ឲ្យអន់ចិត្តប្ដី។
អត់ឱនខ្លាចខ្លួនជាស្រី
កុំឲ្យស្រដី
ទុកគេជាស្មើ។
ទោះកើតហេតុភេទសារពើ
ពាក្យពុំប្រសើរ
ជញ្ជឹងចាំស្ដាប់។
ទោះប្ដីស្រដីពុំគាប់
ពុំគួរឲ្យប្រាប់
បានដឹងដល់ម្ដាយ។
កើតខឹងរែងរីងខ្ចរខ្ចាយ
ឮពាក្យពីម្ដាយ
ខ្សឹបខ្សៀវប្រាប់ប្ដី។
មិនក្សាន្តបែកបានពីប្ដី
កើតជាសម្ដី
សួរចុះសួរឡើង។
ពុំស្ងាត់ស្ងៀមមាត់ចចើង
ជជែកនាំឡើង
ចចើងមិនបាត់។
តតាំងពាក្យខ្លាំងមិនស្ងាត់
មិនស្ងៀមឲ្យបាត់
ឲ្យបានទីសុខ។
ជជែកស្ទើរបែកទាំងស្រុក
មិនមានហៅសុខ
យូរលង់ឡើយនៃ។
នេះហៅភ្លក់ភ្លើងទាំងបី
ម្ដាយផ្ដាំកូនស្រី
ឲ្យខំរក្សា។
នាងគម្ដែងក្រឡា
ខុសឆ្គងម្ដេចម្ដា
ម្ដាយផ្ដាំកូនស្រី។
ឲ្យអត់សង្កត់ហឫទ័យ
កូនកុំស្រដី
ដើមប្ដីកំបាំង។
កុំជេរកុំចេញជាខ្លាំង
ខ្សត់ខ្សោយខ្លៅខ្លាំង
នាងកុំមើលងាយ។
ល្ងង់ខ្សោយប្រើឲ្យនិយាយ
ណែនាំលេងលាយ
ឲ្យស្រួលវាចា។
ទោះប្ដីស្រដីម្ដេចម្ដា
ខេខឹងជេរថា
បោះពាក្យទម្ងន់។
ក្រោធក្រេវឆុលឆេវមិនអន់
មិនអាក់ស្រោកស្រន់
ដោយចិត្តគ្នាន់ក្នាញ់។
រអ៊ូរទាំទន្ទេញ
ជេរថាជន្លេញ
ត្បិតទាស់នឹងចិត្ត។
ឲ្យកូនស្រីស្ងួនខំអត់
ឲ្យបានរលត់
រលាយកំហឹង។
កុំកូនកាន់ខ្លួនប្រែប្រឹង
តតបទៅនឹង
អ្នកជាស្វាមី។
ខេខឹងក្រញឹង[៣]សម្ដី
មិនគិតខ្លួនស្រី
ស្រដីទ្រគោះ។
ប្រកែកស្ដីពាក្យគំរោះ
គំរាមបញ្ឆេះ
បញ្ជោរឲ្យខឹង។
រឹងរូសមើលមុខសម្លឹង
សម្លក់ទៅរឹង
ចចឹងចង់ឈ្លោះ។
រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ
បំបែកជាឈ្លោះ
បំបែរពុំទៀង។
ជេរថាឆ្កែឆ្មាបំព្រៀង
ដៀលត្មះបញ្ឆៀង
បញ្ឈឺចិត្តប្ដី។
បោះបោកប្រទះអ្វីៗ
ចាប់ចោលទៅដី
បែកបាក់ពុំគិត។
មិនស្រួលទទួលបាត់មាត់
ម្នះម្នាក្នុងចិត្ត
ឲ្យបានប្ដីចាញ់។
ទើបបានសុខចិត្តជាវិញ
ហៅស្រីម្នះម្នេញ
អាប់កេរ្តិ៍យសឆ្ងាយ។
ហៅកូនស្រីស្ងួនមាសម្ដាយ
ខុសណាស់នាងអាយ
កុំធ្វើដូចគេ។
ទោះបីបើប្ដីនាងជេរ
នាងចូលទៅឯ
ដំណេកគិតសិន។
ចេញមកនាងយកពាក្យទន់
ស្រដីឲ្យអន់
ស្រាយទោសនោះទៅ។
ទោះបីបើប្ដីប្រដៅ
ចូរនាងចាំនៅ
ទុកក្នុងអាត្មា។
ពាក្យពេចន៍កុំភ្លេចឡើយណា
ក្រែងឆ្គងម្ដេងម្ដា
ត្បិតបានផ្ដាំស្រាប់។
ព្រោះឯងមិនក្រែងមិនស្ដាប់
ពាក្យគេបង្កាច់
បង្កើតតែឈ្លោះ។
ឥតសុខអាក្រក់តែឈ្មោះ
ឮគេប្រឈ្លោះ
មិនចេះហៅល្ហែ។
នេះពុំរាប់ជាស្ត្រីទេ
ជាអ្នកប៉ោឡែ
ចិត្តចោរដកទង។
ឲ្យមាត់បង្គ្របប្ដីផង
ឲ្យគេស្ដាប់ហោង
ថាឯងគ្រាន់បើ។
គឺមោះនាងនោះមិនប្រើ
មិនបើកឲ្យដើរ
បញ្ចើឲ្យទេ។
ទោះបីប្ដីប្រើមាសមេ
កុំកូនចំអែ[៤]
ចំអៀកមិនទៅ។
ឆ្ងាយជិតកុំគិតរង់នៅ
ក្រោកក្រេសដើរទៅ
កុំឲ្យប្ដីជេរ។
កុំទៅនៅយូរផ្ទះគេ
រវល់ទំនេរ
រវៀសមកណា។
ហៃកូនខ្លឹមខ្លួនមាតា
ជាស្រីនេះណា
កម្រណាស់នាង។
មិនថាត្បិតល្អរូបរាង
មិនរើសត្បិតជាង
ចេះការទាំងគ្រប់។
មិនបានស្គាល់ទិគោរព
ស្គាល់ទេឧបទ្រព
ទាំងដប់ប្រការ។
ហៅតែនឹងល្អរូបា
ពិតហើយចេះការ
គួរកោតដោយយ៉ាង។
មួយរូបល្អសសន្លាង[៥]
ឥតគេផ្ទឹមខាង
ច្បាប់ផងមិនចេះ។
ល្អពិតគំនិតមិនផេះ
ទោះខ្មៅក្រងេះ
ការសោតសមគួរ។
គឺមោះនាងនោះមិនជួ
ចេះដឹងសមគួរ
ស្គាល់អស់ឥរិយា។
នេះឯងពីព្រេងលោកថា
ហៅល្អរូបា
កបកល្យាណី។
ហៃកូនស្រីស្ងួនពិសី
ម្ដាយប្រាប់អំពី
ឧបទ្រពចង្រៃ។
កាន់ក្បាលប្ដីហើយរកចៃ
មិនបានលើកដៃ
បិទទូលសំពះ។
លោកទុកស្មើកុកទំផ្ទះ
រង្គំរង្គះ
នឹងបង់អស់ទ្រព្យ។
កន្លងជើងប្ដីពុំគាប់
ព្រោះចិត្តចង់ឆាប់
រំលងជើងប្ដី។
ស្មើសត្វលលកស៊ីខ្មោចខ្មី
ហើយច្រាលអប្រិយ
កើតព្យាធិរោគា។
ចង្រៃមួយនៃរាល់គ្នា
ចេញចូលមាត់ទ្វារ
ពុំបានបិទបាំង។
ធ្វេសប្រាណខុសខានមិនរាំង
មិនរុញបំបាំង
មើលយល់សាយសុស។
ទុកស្មើគេអុជចន្លុះ
ឲ្យចោរចូលផ្ទះ
យកទ្រព្យទាំងឡាយ។
ស្រីមួយសើចលេងក្អាកក្អាយ
ឮលេខចម្ងាយ
រំលងផ្ទះបី។
ស្មើសត្វចចាត[៦]បក្សី
ចូលភូមិផងក្ដី
ចង្រៃក្ដាត់ណា។
ស្រីមួយដេកដាក់កាយា
ប្រះប្រែអាត្មា
ឲ្យខ្នងទៅប្ដី។
ទុកស្មើពស់ក្រាយ[៧]អប្រិយ
ឡើងផ្ទះឥតបី
ឥតបើគណនា។
ចង្រៃកាចក្រៃពុំជា
នឹងព្រាត់ប្រាសគ្នា
ពុំបានវែងឆ្ងាយ។
ស្រីមួយសក់វែងអន្លាយ
រំសុសរំសាយ
សក់សោតរេរា។
នៅមាត់អណ្ដូងមាត់ទ្វារ
បីដូចមជ្ជរា
ឆ្មាលាក់ក្រចក។
ចង្រៃឥតបីបើរក
រេរាសំកក
មិនចុកសក់ងាយ។
ស្រីមួយដើរទៅទាត់ជាយ
ឮលាន់ស្ទើរធ្លាយ
ប្រថពីសន្ធឹក។
សំពត់ដាច់ដាចមិននឹក
ដើរឮគគឹក
ស្មើសូររន្ទះ។
ញ៉ាំញើសំណើរលះ
ដាក់ជើងលើផ្ទះ
គគ្រាំងគគ្រេង។
កក្រើកផ្ទះទាំងបីល្វែង
ដូចកលគេសែង
របស់ចេញទៅ។
ស្រីមួយឃើញទ្រព្យនៅផ្លូវ
កន្លងហួសទៅ
មិនចាប់ចេញទុក។
ពុំចេរចំណេរទៅមុខ
ពុំចេះដាក់ទុក
រាយរាល់តែល្វែង។
ទ្រព្យនោះរលោះចេញឯង
ចង្រៃទាស់ទែង
ធ្វើឲ្យអន្តរាយ។
ទោះឆីចំណីនូវបាយ
លបលូកកកាយ
ពម[៨]ពុំសណ្ដាប់។
កូនអើយនេះហើយចូរស្ដាប់
ហៅក្ដីឧបទ្រព
ទាំងដប់ប្រការ។
ឲ្យចៀសអស់ទាំងនេះណា
ឲ្យរៀនលក្ខណា
ទាំងប្រាំពីរផង។
គឺព្រះមានបុណ្យកន្លង
ទេសនាចែងចង
ជាបទគាថា។
មួយមាតុមួយមិត្តភរិយា
កាតុភរិយាជាតិ
ទាសភរិយាផង។
ទាំងបួនប្រសើរឥតហ្មង
គួរឲ្យចាំចង
ទុកក្នុងអង្គា។
រីឯហៅមាតុភរិយា
ប្រពន្ធនោះជា
លោកទុកស្មើម្ដាយ។
ចរិតបីប្រការក្នុងកាយ
មួយចង់ខ្វល់ខ្វាយ
ប្រយោជន៍ឲ្យប្ដី។
បានថ្កើងរុងរឿងឮល្បី
មិនឲ្យអាប់ប្ដី
ឲ្យបានសក្តិយស។
មួយបើប្ដីស្លៀកពាក់ចាស់
យកថ្មីឲ្យផ្លាស់
ចាស់ស្លៀកខ្លួនឯង។
ចេះរៀបរណ្ដាប់តាក់តែង
ចំណីផងស្វែង
រកមកឲ្យប្ដី។
មួយបើប្ដីឈឺថ្កាត់អ្វី
ព្រួយប្រឹងមើលប្ដី
រកថ្នាំសង្កូវ។
រកពេទ្យមេមត់នូវគ្រូ
គ្រោះយាមគន់គូរ
មើលប្ដីឲ្យជា។
រីឯហៅកាតុភរិយា
ប្រសើរសោភា
ប្រពន្ធស្មើបង។
នោះមានចរិតពីរផង
ដូចប្អូននិងបង
ចិត្តមូលមួយប្រាណ។
មួយធ្វើឲ្យប្ដីក្សេមក្សាន្ត
របស់ប្ដីបាន
ចេះទុករក្សា។
មួយទោះឮពាក្យអ្នកណា
គេតិះដៀលថា
ស្រដីពីប្ដី។
ពុំត្រូវអាស្រូវអប្រិយ
ចេះការកេរ្តិ៍ប្ដី
បែរបានជាសុខ។
ទោះបីបើប្ដីមានទុក្ខ
គិតឲ្យបានសុខ
យកខ្លួនធានា។
មួយសោតឯមិត្តភរិយា
មានចរិតជា
បីប្រការមិញ។
បីដូចកលមិត្តសម្លាញ់
មានចិត្តអស់អញ
មិនឲ្យមានហ្មង។
បីដូចកលប្អូននិងបង
ប្រាសយូរលង់ហោង
ទើបមកជួបគ្នា។
មានចិត្តប្រតិព័ទ្ធមហិមា
ត្បិតបានជួបគ្នា
មិនឲ្យមានហ្មង។
មួយមានមារយាទកន្លង
ទោះឃើញប្រុសផង
មិនល្អៀងចិត្តទៅ។
រីទាសភរិយានោះកូវ
ក្នុងមាត្រាត្រូវ
ប្រពន្ធខ្ញុំប្ដី។
ចរិតប្រាំបីប្រការខ្មី
មួយចិត្តខ្លាចប្ដី
ក្រែងប្ដីវាយជេរ។
ប្រុងចិត្តការគិតខ្មាសគេ
មិនឲ្យប្ដីជេរ
បន្ទោសខ្លួនបាន។
ទោះខឹងប្ដីក្រៃប៉ុន្មាន
មិនចេះហៅហាន
ឆ្លើយឈ្លោះតមាត់។
មួយទោះប្ដីនោះកាចក្ដាត់
ខឹងដល់វាយវាត់
ជេរចោរដកទង។
មិនហ៊ានឆ្លើយឈ្លោះរំលង
តតបទៅផង
ក្រែងឮកេរ្តិ៍ឆ្ងាយ។
មួយចេះប្រដាប់រៀបបាយ
ប្ដីដើរជិតឆ្ងាយ
មិនហ៊ានបរិភោគ។
អត់ចាំទម្រាំប្ដីមក
ជួបជុំទើបយក
បរិភោគផងគ្នា។
នេះឯងហៅទាសភរិយា
សម្ដេចភគវា
ទេសនាប្រោសប្រាប់។
បើអស់ស្រីណាបានស្ដាប់
យកទុកជាច្បាប់
ក្នុងប្រាណសព្វថ្ងៃ។
លុះអស់អាយុក្សិណក្ស័យ
បានទៅកើតឰ
តុសិតសួគ៌នាយ។
នឹងបានក្សេមក្សាន្តពណ្ណរាយ
សេពសុខសប្បាយ
និរទុក្ខកយា។
រីឯប្រពន្ធពុំជា
ពេជ្ឈឃាតភរិយា
ចរិតមានបួន។
កុំឲ្យយកទុក្ខក្នុងខ្លួន
ឲ្យចៀសចេញជួន
កើតកម្មវេរា។
មួយចិត្តគំនិតចង់ជា
ឆ្លាស់ឆ្លើយបំពារ
បំពានឲ្យប្ដី។
ប្រទូសរឹងរូសខ្ញូវខ្ញី
មិនចេះចាញ់ប្ដី
ថាឯងគ្រាន់បើ។
ឆ្លើយឆ្លងសូរសងបណ្ដើរ
ចង់ឈ្លោះឲ្យស្មើ
ឲ្យលើសប្ដីវិញ។
មួយមិនចង់ធ្វើបំពេញ
បង្អាប់ប្ដីវិញ
ឲ្យថ្កើងខ្លួនឯង។
អាងចេះដៀលតិះពុំក្រែង
ឲ្យប្ដីស្ដាប់ឯង
ដោយចិត្តអន្ធពាល។
មួយមានចិត្តនោះស្រើបស្រាល
ចង់ត្រេកត្រអាល
ចោលពេញមុខប្ដី។
មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ
ចង់សម្លាប់ប្ដី
ស្រឡាញ់ប្រុសទៀត។
គិតកាប់សម្លាប់បង់ម្សៀត
នឹងយកប្រុសទៀត
ធ្វើប្ដីមរណា។
រីឯសត្រូវភរិយា
ចរិតពុំជា
ប្រាំពីរប្រការ។
មួយមិនខ្លាចប្ដីអាត្មា
បង្គាប់ត្រង់ណា
ពុំធ្វើតាមចិត្ត។
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់
ប្ដីសួរបីម៉ាត់
ពុំស្រដីផង។
មួយប្ដីស្រដីគន្លង
ប្រដៅច្បាប់ផង
ពុំចូលចិត្តស្ដាប់។
មួយមិនចង់ឲ្យប្ដីគាប់
មិនចង់ប្រដាប់
ឲ្យប្ដីថ្កុំថ្កើង។
មួយទោះនឹងស្រដីឡើង
ពាក្យធំចចើង
ចចេសនឹងប្ដី។
មួយទោះប្ដីលោះខ្ញុំស្រី
វាបម្រើប្ដី
មិនឲ្យអាក់អន់។
ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់
ក្នុងចិត្តប្រច័ណ្ឌ
ជេរថានាយអាយ។
មួយត្បិតប្ដីមានសាហាយ
ហួរហែកសុសសាយ
ឲ្យប្ដីអាស្រូវ។
រីចោរភរិយានោះកូវ
ចរិតពុំត្រូវ
មានបីប្រការ។
មួយចង់ចាយទ្រព្យប្ដីណា
ឲ្យខូចអសារ
មិនគង់ជាល្អ។
មួយប្ដីឃ្មាតខ្មីខំរក៍
របស់បានមក៍
មិនថែទាំទុក។
លួចឲ្យទៅម្ដាយឪពុក
ប្ដីសួររកមុខ
មិនប្រាប់ឡើយណា។
មួយខ្ជិលមិនចង់ធ្វើការ
កុហកមុសា
ថាឯងរវល់។
ដេកលេងចំខែងអស់កល
លុះប្ដីគេយល់
ពុតធ្វើជាឈឺ។
ទទូរដេកថ្ងូរហ៊ឺៗ
ប្ដីហៅមិនឮ
ពុតចង់តែស្លាប់។
នេះហៅប្រពន្ធពុំគាប់
ស្រីណាកាន់ខ្ជាប់
ពុំដែលរសាយ។
លុះអស់អាយុក្ល័យក្លាយ
ធ្លាក់ទៅអបាយ
ទាំងបួនចំពូក។
តែងនឹងរងទុក្ខរងសោក
រំដោះរួចមក
កើតជាមនុស្សខ្ទើយ។
ហេតុអកុសលនេះហើយ
ត្បិតខ្លួនឥតត្រើយ
ធ្វើខុសគន្លង។
ខុសវត្តប្រតិបត្តិឆ្គាំឆ្គង
មិនរៀងមិនរង
ខុសនឹងច្បាប់ស្រី។
មាក់ងាយនោះមានប្រាំបី
មានក្នុងបាលី
ព្រះធម៌លោកថា។
មាក់ងាយមួយនោះឯងណា
ត្បិតប្ដីពិការ
មិនបានមាំមួន។
ខឹងស្អប់ធុញថប់មិនទ្រាំ
មិនមានរកថ្នាំ
គ្រូគ្រោះមេមត់។
មើលប្ដីឲ្យជាឆាប់ផុត
ខឹងវិញមិនអត់
បន់ឲ្យប្ដីស្លាប់។
មាក់ងាយមួយប្ដីខ្សត់ទ្រព្យ
គ្មានកេរកោះគាប់
ស្មើនឹងអាត្មា។
ដៀលត្មះថាច្រាសដោយសារ
ព្រោះខ្ជិលធ្វើការ
ទើបគ្មានរបស់។
មាក់ងាយត្បិតប្ដីអប្បយស
ឯងត្រកូលខ្ពស់
ពូជពង្សពុំស្មើ។
ឆ្មើងខ្លួនឲ្យប្ដីបម្រើ
ឈ្លោះឡើងហើយដើរ
ដៀលត្មះពូជពង្ស។
មាក់ងាយមួយត្បិតប្ដីល្ងង់
ខ្លៅខ្លួនទ្រមង់
ទ្រមក់យឺតយូរ។
ដៀលត្មះពុំចេះអាសូរ
សម្ដីខ្មោះខ្មូរ
មិនក្រែងប៉ុនសក់។
មាក់ងាយមួយប្ដីអាក្រក់
សាច់ខ្មៅប៉ប៉ក់
មុខអុតស៊ីសុស។
កន្ទ្រល រោងរលក្រអុះ
សក់ស្កាញស្កូវសុស
ពោះធំប៉ុនពាង។
ខ្លួនឯងចិញ្ចែងរូបរាង
ខ្លួនសល្អជាង
ថាប្ដីមិនសម។
មាក់ងាយមួយប្ដីមិនខំ
ធ្វើការលេលាំ
ឡែឡដើរលេង។
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង
ឈ្លោះជេរមិនឈ្វេង
គិតខុសមាត្រា។
មាក់ងាយមួយប្ដីផឹកស្រា
ស្រវឹងចោលការ
ដើរលេងតែតោ។
ពាក្យក្អេងរាំច្រៀងឡោៗ
ឲ្យឆ្កែព្រុសឆោ
ផ្អើលភ្ញាក់កូនចៅ។
ឮមាត់ប្ដីហើយខឹងក្ដៅ
ប្រទេចជេរទៅ
តាមដោយចិត្តក្នាញ់។
មាក់ងាយមួយទៀតនោះមិញ
ត្បិតប្ដីស្រឡាញ់
លលូកប្រឡែង។
មួលបិចចាក់ចុចជាល្បែង
មិនមានកោតក្រែង
បានចិត្តជេរវិញ។
ត្បិតតែយល់គេស្រឡាញ់
ស្រដីផងមិញ
គំរោះគំរើយ។
ធ្វើក្នាញ់បែរចេញព្រងើយ
គេនឹងកន្តើយ
ក្និចក្នក់មាយា។
ពុំបានក្សេមក្សាន្តនឹងគ្នា
មាក់ងាយនេះជា
គំរប់ប្រាំពីរ។
កូនអើយនេះហើយច្បាប់ស្រី
ឲ្យកូនពិសី
រករៀនរក្សា។
យកទុកក្នុងអង្គអាត្មា
ប្រសើរក្ដាត់ណា
កើតសុខសួស្ដី។
ប្រសើរទាំងនាលោកិយ
ទោះបរលោកក្ដី
សឹងលុះប្រាថ្នា។
ទោះចិត្តគន់គិតសច្ចា
ជាពុទ្ធមាតា
សឹងបានបរិបូរណ៍។
ដូចចិត្តឆុតឆាប់ពុំយូរ
កបកើតសម្បូរ
សម្បត្តិទ្រព្យផង។
កើតយសខ្ពង់ខ្ពស់កន្លង
យឺនយូរឥតហ្មង
ដូចក្ដីប្រាថ្នា។
ច្បាប់នេះឧត្តមថ្លៃថ្លា
ទោះស្រីឯណា
ឮហើយមានភ័ព្វ។
ជាល្អកម្របានស្ដាប់
ស្ដាប់ហើយចូរចាប់
ចូរចាំគ្រប់គ្នា។
បានដល់មគ្គផលសួគ៌ា
ប្រសើរសោភា
ចូរចាំកុំភ្លេច។
ចរចាអស់អាថ៌ពាក្យពេចន៍
ពាក្យពិតកាព្យកិច្ច
បរិបូរណ៍ប្រពៃ។
ប្រាជ្ញាប្រែរីឯនាមនៃ
ខ្ញុំឈ្មោះម៉ឺន មៃ
មែនមានសទ្ធា។
មានចិត្តកួចគិតកាព្យា
កបកើតជ្រះថ្លា
ត្រេកត្រង់កុសល។
សច្ចាប្រាថ្នាមគ្គផល
ផុរផុសយោបល់
លេចលើកទុកនៅ។
ទោះបីសេចក្ដីខុសត្រូវ
សូមទានតម្រូវ
តម្រង់ឲ្យផង។
កុំត្មះតិះដៀលឡើយហោង
សូមសាងផលផង
ទុកតសាសនា។
សម្រាប់ជាច្បាប់មាត្រា
សូរេចបការា
បរិបូរណ៍ចែងចប់៕



ពន្យល់ពាក្យ
  1. គម្ដែង គំម្ដែង ជើង ដ ឬ គំ-ម៉ៈ ដែង ( ន. ) (ក្លាយឃ្លាតមកពីពាក្យខ្មែរ ក្នុងសម័យបុរាណព្រេងនាយថា ក្រម្រតាង > ក្រម្រតេង > ក្រម្រតែង) មានន័យថា ព្រះតេជព្រះគុណ; លោកជាម្ចាស់ ។ លុះចំណេរកាលតៗមក ខ្មែរយើងប្រើពាក្យនេះ សំដៅសេចក្ដីថា លោកអ្នកមានបុណ្យច្រើនគួរជាទីគោរព គួរធ្វើសក្ការបូជា; លោកអ្នកមានស័ក្តិយសខ្ពង់ខ្ពស់ ។ គម្ដែងក្រឡា ស្វាមី, ប្ដី ។ គម្ដែងផ្ទៃក្រោម ព្រះរាជា, ក្សត្រិយ៍ទ្រង់រាជ្យ (មើលក្នុងពាក្យ ផ្ទៃ ទៀតផង) ។ គម្ដែងសង្ឃ ព្រះភិក្ខុសង្ឃជាទីគោរព : បពិត្រព្រះគម្ដែងសង្ឃ….
  2. ព្រែ ( ន. ) សំពត់សូត្រដោយបែប : ព្រែលាត, ព្រែផ្កា ។ សំពត់អំបោះដោយបែបក៏ហៅ ព្រែ ខ្លះដែរ ព្រែអំបោះ ។
  3. ក្រញឹង ( កិ. វិ. ) ពាក្យសម្រាប់ចម្រើនពាក្យខឹងឲ្យឃើញប្លែកឡើង : ខឹងក្រញឹង ។
  4. ចំអែ ( កិ. ) បំពើងទ្រូងទៅមុខ : អង្គុយចំអែ, ឈរចំអែ ។ ចំអៀកចំអែ ចំអែដោយចំអៀក ។
  5. សន្លាង សន់-ល៉ាង ( គុ. ) សជ្រះស្អាត: សសន្លាង ។ ថ្មីទែង, ថ្មីស្អាត : ថ្មីសន្លាង ។ ដែលល្អសមរម្យមិនឆ្គង : ល្អសន្លាង, រូបល្អសន្លាង ។
  6. ចចាត ( ន. ) សត្វបក្សីមួយប្រភេទ សម្បុរខៀវខាងខ្នង ខាងក្បាល ឯខាងពោះក្រហម ក្បាលធំចំពុះក្រហម បរិភោគត្រីជាអាហារ ជាសត្វដេញធ្នាក់ : ចចាតធ្នាក់, ទាក់ចចាត, ហ្មចចាត ។
  7. ក្រាយ ( ន. ) ឈ្មោះពស់មួយប្រភេទមានពិសខ្លាំងមានទ្រនុងខ្នងជាអាវុធ អាចច្រាសឲ្យមុតបាន : ពស់ក្រាយ ។
  8. ពម ( កិ. ) ចាប់អាហារដោយដៃដាក់ក្នុងមាត់ខ្លួនឯង : ពមបាយ ។ ពមញាត់ៗ (ពមញាត់-ពមញាត់) ពមដោយចាប់ញាត់ៗប្រញាប់ប្រញាល់ឲ្យបានឆាប់ឆ្អែត : ស៊ីឆាប់ឡើងពមញាត់ៗទៅ ! (ព. សា., ព. ស្ន.)

No comments:

Post a Comment