Saturday, August 24, 2013

រឿង ខ្មោចលង


                              
ខ្មោចលងពិត

កាលពីខ្ញុំនៅអាយុប្រហែល ១០ ឆ្នាំ នាពេលល្ងាចមួយដែលខ្ញុំបរិភោគអាហារ
ពេលល្ងាចរួច។ មិត្តខ្ញុំម្នាក់បានបបួលខ្ញុំទៅដើរលេង ថ្ងៃនោះគឺជាថ្ងៃចូលឆ្នាំខ្មែរ ជាពេលដែលព្រះច័ន្ទពេញវង់។ មានកំលោះក្រមុំជាច្រើនលេងល្បែងប្រជាប្រិយ
អ៊ូអរយ៉ាងសប្បាយរីករាយ។ រូបខ្ញុំវិញគឺខ្ញុំលេងបិតពួនដែលជាល្បែងសំរាប់ក្មេង
គឺគេចែកជាពីរក្រុម។ ក្រុមខ្ញុំជាអ្នកចាំទី ក្រុមខ្ញុំមានសមាជិកប្រហែល ១៥ នាក់។
ខ្ញុំក៏បានរត់ដេញអ្នកដែលរត់ពួន នៅពេលនោះគឺខ្ញុំរត់ដេញស្រមោលមួយ មិនដឹងជា
ស្រមោលអ្វី វាហាក់ដូចជាមនុស្ស។នៅពេលដែលខ្ញុំដេញវារត់នៅពេលដែលខ្ញុំឈប់
ស្រមោលនោះក៏ឈប់ដែរ ស្រមោលនោះវានៅឆ្ងាយពីខ្ញុំប្រហែល ១០០ ម៉ែត្រ។
ខ្ញុំក៏ចាប់ផ្តើមឆ្ងល់! ខ្ញុំក៏ស្រែកសួថា តើអ្នកជានរណា? ស្រមោលខ្មៅនោះមិនឆ្លើយទេ
ខ្ញុំក៏និយាយថាខ្ញុំឈប់លេងហើយ តោះយើងទៅផ្ទះទាំងអស់គ្នា។
ស្រាប់តែពេលនោះអ្វីដែលខ្ញុំរន្ធត់ ហើយព្រឺក្បាល គឺស្រមោលនោះចាប់ផ្តើមរលាយ
បន្តិតម្តងៗ ខ្ញុំក៏ចាប់ផ្តើមស្លុត ឈរដោយមិនហ្នឹងខ្លួនមើលស្រមោលនោះរលាយ
ក្លាយជាខ្យល់។ ខ្ញុំបានដឹងថាមិនមែនជាមនុស្ស ខ្ញុំក៏រត់ត្រលប់ក្រោយយ៉ាងលឿន ។
ពេលមកដល់ភូមិទើបខ្ញុំដឹងថាខ្ញុំរត់ដេញស្រមោលនោះអស់រយះពេល ៣ ម៉ោង
 នឹងចំងាយប្រហែល ៥ គឺឡូម៉ែត្រ។ ខ្ញុំបានមើលនាឡិកា គឺម៉ោង ១ យប់ ហើយ
ពួកកំលោះក្រមុំ និងពួកក្មេងៗ បានទៅផ្ទះអស់ហើយ។ ពេលដល់ផ្ទះខ្ញុំមិននិយាយ
ប្រាប់នរណាម្នាក់ទេ ខ្ញុំចាប់ផ្តើមឈឺរយះ ៣ ថ្ងៃទើបខ្ញុំអាចទៅរៀនបាន។
ចាប់ពីថ្ងៃនោះមកខ្ញុំឈប់ដើរលេងយប់ ហើយក៏ចាប់ផ្តើមមានអារម្មណ៍លែងសូវខ្លាច
ដូចមុន ព្រោះខ្ញុំបានស្គាល់រសជាតិខ្មោចលងយ៉ាងចំលែក។
តាំងពីជួបប្រទះរឿងនេះមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ដូចមានគេប្រាប់ខ្ញុំថា ការដើរ
លេងយប់វាមិនល្អទេដូចខ្ញុំអញ្ចឹង ជួបខ្មោចលងដោយមិនដឹងខ្លួន។ ចប់
                                              
​​​​​​​ខ្មោចលង   ​​
[...] កំពុង​អង្គុយ​និយាយ​គ្នា ជាមួយបងខ្ញុំសុខៗ ​ស្រាប់តែសំឡេងទូរស័ព្ទរោទិ៍ឡើង ។ ខ្ញុំរត់ទៅទទួលទូរស័ព្ទ… ស្របពេលរត់ទៅជិតដល់កន្លែងដាក់បញ្ចូលថ្ម​​ទូរស័ព្ទហើយ ស្រាប់តែភ្លើង​ដាច់ងងឹត​ឈឹង ។ ខ្ញុំបើកភ្នែកធំៗ ព្រោះ​ផ្ទៃ​បន្ទប់​ទាំង​មូល​​ពោរពេញ​ទៅ​ដោយភាពខ្មៅងងឹត គឺមានតែភ្លើងទូរស័ព្ទ ដែលកំពុងរោទិ៍​​នៅ​ឆ្ងាយ​​ពី​ដៃ​របស់​ខ្ញុំ​តែ​​ប៉ុណ្ណោះ ។ ក្រោយ​ពី​ដឹង​ថា​ភ្លើង​ដាច់​ ខ្ញុំ​មាន​អារម្មណ៍​ថា​ទូរស័ព្ទ​របស់​ខ្ញុំ​ ដូច​ជា​ចម្លែក​​ខុស​ពី​ថ្ងៃ​ធម្មតា ។ វា​រោទិ៍​រហូត​អត់​ដាច់​សោះ…!
បន្ទាប់ពីគិតចប់ ខ្ញុំមាន​អារម្មណ៍ថា អ្វី​ដែល​ខ្ញុំ​ខ្លាច​នោះ​បាននឹង​ចូល​មក​ដល់​ហើយ … ម៉ែអើយម៉ែ! ព្រឺឆ្អឹង​ខ្នង​ណាស់ ម៉ែអើយ! បន្តិចក្រោយមក ពេល​ខ្ញុំដើរ ទៅ ដល់ កន្លែងបញ្ចូលថ្ម​ទូរស័ព្ទនោះ ទូរស័ព្ទ​របស់ខ្ញុំក៏ឈប់រោទិ៍ តែ ខ្ញុំ មិន បាន លើក វា មើល ទេ ព្រោះវាងងឹតចាក់ភ្នែកមិនធ្លុះ។ ខ្ញុំប្រុង នឹងដើរចេញ មក អង្គុយ និយាយ បន្ត ទៀត ស្រាប់តែសំឡេងទូរស័ព្ទរបស់ខ្ញុំ បានរោទិ៍ម្តងទៀត។ ពេលនេះហើយ ជា ពេល ដែល ធ្វើអោយខ្ញុំលោះ​ព្រលឹងអស់រលីង ព្រោះសំឡេ​ងទូរស័ព្ទរបស់ខ្ញុំ ឮ​យ៉ាង ចម្លែក ណាស់ គឺចំលែកខុសពីថ្ងៃធម្មតា… មិនដឹងថាមូលហេតុអី្វទេ? បទចម្រៀងដែល នៅ ក្នុង ទូរស័ព្ទរបស់ខ្ញុំបានដូរ… តែអ្វីដែលគួរអោយរន្ធត់នោះ គឺបទនៅក្នុងទូរស័ព្ទ របស់ខ្ញុំ នេះ ជាបទដង្ហែរខ្មោច​ទៅវិញ? ពេលនោះខ្ញុំសម្រេ​ចចិត្តនឹងទទួលទូរស័ព្ទមកនិយាយ តែអ្វីដែលគួរអោយព្រឺទៅទៀតនោះ គឺមានដៃមួយចាប់ដៃរបស់ខ្ញុំជាប់។
ខ្ញុំខំប្រឹងយ៉ាងណា ក៏មិនអាចដកដៃចេញ ពីដៃដ៏សែន​ចម្លែក​នោះ​បាន​ដែរ ។​ តែខ្ញុំ​ឆ្ងល់​ណាស់! គឺឆ្ងល់ត្រង់ថា បើ​វា​ជា​ដៃ​របស់​បង​ស្រី​​របស់​​​ខ្ញុំ ហេតុអីបានជាមិនឃើញខ្លួនរបស់​គាត់ ម៉េច​ក៏​ឃើញតែដៃ​ទទេ​បែប​នេះ ?
គិត​មកដល់ត្រឹមនេះ ស្រាប់តែខ្ញុំមានអារម្មណ៍ថាមិនស្រួលទេ…. ខ្ញុំខំស្រែកអោយបងខ្ញុំ ជួយ តែ គាត់បែរជាខ្លាចជាងខ្ញុំទៅទៀត! ដោយធ្វើយ៉ាងណា ក៏មិនអាចដកដៃរបស់ខ្ញុំ ចេញពីដៃនេះបាន ខ្ញុំបានសំរេចចិត្តសួរទៅថា៖
«តើអ្នកចង់បានអ្វីពីខ្ញុំ? ហើយមានការអី ម្តេចមិនឆាប់និយាយមក?»
«ទេ! ខ្ញុំមិនចង់បានអ្វីពីឯងទេ! តែខ្ញុំ​មកនេះ គឺចង់អោយឯងជួយ យកសាកសព របស់ ខ្ញុំ ចេញ ពី​ផ្នូរ​ ហើយយកមកសំអាតឲ្យ​ផង ព្រោះវាកខ្វក់ណាស់…»
ក្រោយពីបានឮ​ដូច្នេះ ខ្ញុំក៏ដួលសន្លប់លែង​ដឹងខ្លួន តាំង​ពី​ពេល​នោះ​ទៅ​។…
ពេលខ្ញុំដឹងខ្លួនឡើង ​វិញ​ ខ្ញុំ​មា​នការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​ខ្ញុំ​ឃើញ​ ឪពុក​ម្តាយ​និង​សាច់​ញាតិ​របស់​ខ្ញុំ​ នាំ​គ្នា​មក​អង្គុយ​ទ្រហោ​យំ​គ្រប់ៗ​គ្នា​។
« ហេតុអីបានជាអ្នកទាំងអស់គ្នា នាំគ្នាយំយ៉ាងនេះ? នរណាគេកើតអីមែន​ទេ​ម៉ាក់?​» ខ្ញុំសួរ​ទៅម្តាយ​ដោយ​ងឿង​ឆ្ងល់​។
«កូនឯងហ្នឹងហើយ! ប៉ាម៉ាក់ស្មានថា កូនទៅចោលប៉ាម៉ាក់​ហើយតើ!​… ដឹង​ទេ​ថា​កូន​សន្លប់​ពីរ​យប់​ពីរ​ថ្ងៃ​ហើយ !?»
«ពីរ​យប់​ពីរ​ថ្ងៃ ?!!!…» ខ្ញុំ​ឧទាន​ ដោយ​ភ្ញាក់​ផ្អើល​ ហើយ​នឹក​ភ្នក​ទៅ​ដល់​រឿង​ ដែល បាន​កើត​ឡើង​ពី​រ​ថ្ងៃ​មុន​។
«ទេ! កូនអត់អីទេ! កុំព្រួយអី…» ខ្ញុំ ​និយាយ​កម្លា​ចិត្ត​ ហើយ​ឱន​ទៅ​ឱប​ម្តាយ​ ដើម្បី​បំ​បាត់​ភាព​ភ័យ​ខ្លាច​ ដែល​កំ​ពុង​ដិត​ជាប់​នៅ​ក្នុង​អារម្មណ៍​នៅ​ឡើយ​។ អ្នក​ម៉ាក់​យក​ដៃ​អង្អែល​សក់​ខ្ញុំ​ថ្នមៗ​ ដោយ​ក្តី​ស្រឡាញ់​ និង​ហួង​ហែង​។ ខ្ញុំ​ដកដង្ហើម​ធំ​ នឹង​រឿង​ដែល​បាន​ជួប​ប្រទះ​ នៅ​យប់​នោះ​ ហើយ​បន្តិច​ក្រោយ​មក​ ខ្ញុំ​ក្រឡេក​ទៅ​មើល​រូប​ថត​ធំ​មួយ​របស់​ខ្ញុំ​ ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង​ក្បែរ​នោះ​។ រំ​ពេច​នោះ​ស្រាប់​តែ​លេច​ចេញ​រូប​ភាព​ ខ្មោច​នោះ​បក់​ដៃ​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​គេ ! ពេលនោះខ្ញុំស្រែកឡើងយ៉ាងខ្លាំង! រហូត​តាំង​សតិ​លែង​បាន​។
« ទេ! ទេ!… ចេញ​ទៅ !… ចេញ​ទៅ !… ម៉ាក់​ជួយ​កូន​ផង !… ម៉ាក់! គេ​មក​យក​កូន​ទៅ​ហើយ!!!»
ដោយដឹងថាអារម្មណ៍របស់ខ្ញុំ នៅរវើរវាយនៅ​ឡើយ​ អ្នកម៉ាក់បានឲ្យ​បងប្អូនខ្ញុំ ដេក កំដរ ខ្ញុំ មួយយប់ទល់ភ្លឺ ដោយខ្លាចរឿងនោះកើតមកលើខ្ញុំម្តងទៀត។
ប៉ុន្មានថ្ងៃ ក្រោយ​មក ខ្ញុំមានអារម្មណ៍ថា ​គ្រាន់បើជាងមុន ដោយបាន ដើរកំសាន្ត ខ្លះៗ នៅតាម សួនច្បារ។ តែខ្ញុំនៅតែមានការភ័យខ្លាច ព្រោះទូរស័ព្ទនៅក្នុងហោប៉ៅ​របស់ខ្ញុំ មិនដឹងថា​ វា​នឹង​រោទិ៍ឡើងពេលណាទៀតទេ? នេះជាលើកទីមួយរបស់​ខ្ញុំ​ហើយ​ ដែលបានជួបប្រទះនឹងរឿង ដ៏គួរអោយភ័យខ្លាចបំផុត៕



​​​​​​​​​​​​​​​​   
 រឿងអាប៉ាងនាងតី                  
ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​តំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។​ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រមុំ​ម្នាក់​ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ ទៅ​ស្តាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា «អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហោង​ឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្តាប់​ថា​ប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្តាប់​ចាប៉ី » ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាងៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្តី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះ សួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ​ តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញៗ នឹង​កាច់​យក​ឯង» ។ អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ​ទៅ​ទុក​ផ្ទះ​សិន» ។ លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។ ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឲ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្តាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទេះ​នឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។ អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាងៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​ដំរី​ស្ត​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ?» ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។ ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ» ។ ខ្មោច​ទាំង​នោះ សួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្តេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឲ្យ​យើង​រាល់​គ្នា​ស៊ី​ផង» ។ អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វា​ចា​ថា «ទុក​ប្តី​មី​កន្តី​ឲ្យ​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វា, បើ​ដូច្នោះ យើង​ឲ្យ​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ​ ឲ្យ​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

No comments:

Post a Comment