ជីវិត​​ ប៉ុល ពត

សាឡុត ស ហៅ ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត និង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
សាឡុត ស ហៅ ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត និង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
(រូបថតឯកសារ)

ក្រោយ​ពី​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ក្រុងភ្នំពេញ សាឡុត ស បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី ក៏ប៉ុន្តែ ប្រើឈ្មោះ​ថា “ប៉ុល ពត”។ ពីដំបូង គេមិនដឹង​ទេ​ថា ប៉ុល ពត នេះ គឺ​ជា​សាឡុត ស។ ដោយសារ​តែ​ ប៉ុល ពត ជា​មនុស្ស​ចូលចិត្ត​រស់​នៅ​ក្នុង​ភាព​អាថ៌កំបាំង​ផងនោះ គេកម្រ​ឃើញ​មាន​ឯកសារ ដែល​សរសេរ​អំពី​ប្រវត្តិ​របស់គាត់ ក្នុង​អំឡុង​ពេល​​គាត់​កាន់អំណាច​ណាស់។

More
 
 នៅថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ ហើយ​ផ្តួលរំលំ​ជា​ស្ថាពរ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ របស់​ លន់ នល់។ ​រាល់​អំណាច​ទាំងអស់​ក៏ធ្លាក់​ក្នុងដៃ​ពួក​ខ្មែរក្រហម ដែល​មាន សាឡុត ស ជា​មេដឹកនាំ។ ក៏ប៉ុន្តែ ទោះជា​ក្រោយពី​ទទួលបាន​ជោគជ័យ​ហើយ​ក៏ដោយ ក៏ សាឡុត ស នៅតែ​បន្ត​លាក់បាំង​អត្តសញ្ញាណ​របស់​ខ្លួន​ដដែល។
នៅថ្ងៃទី២៣ ខែ​មេសា ឆ្នាំ១៩៧៥ ពោលគឺ មួយ​សប្តាហ៍​ក្រោយពី​កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់​កាប់ក្រុងភ្នំពេញ ទើប សាឡុត ស ធ្វើដំណើរ​ចូលមក​ទីក្រុងភ្នំពេញ។ នៅពេលនោះ ប្រជាជន​ត្រូវបាន​គេ​ជម្លៀស​ចេញពី​ភ្នំពេញ​អស់​ទៅហើយ។ សាឡុត ស ចូលមក​ទីក្រុង​ភ្នំពេញ​ ដោយ​ស្ងាត់ស្ងៀម​ គ្មាន​ពិធី​អបអរសាទរ​អ្វី​ទាំងអស់។

នៅថ្ងៃទី១៤ មេសា ឆ្នាំ១៩៧៦ ប៉ុល ពត បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា​ ប្រជាធិបតេយ្យ។ ពីមុនមក មិនដែល​មាន​អ្នកណា​ឮ​ពី​ឈ្មោះ ប៉ុល ពត នេះទេ។ សាឡុត ស ធ្លាប់​ប្រើ​ឈ្មោះ ប៉ុល កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០ តែ​ឈ្មោះ ពត គេ​មិនដែល​ឮទេ។ ពីដំបូង មាន​មនុស្ស​តិចតួច​បំផុត​ ដែល​ដឹងថា ប៉ុល ពត គឺជា សាឡុត ស។ យោងតាម​លោក David Chandler មាន​អតីត​និស្សិត​មួយចំនួន ដែល​ធ្លាប់​រៀន​ នៅ​ប្រទេស​បារាំង​នាំគ្នា​គិតស្មាន​ថា ប៉ុល ពត គឺ រ័ត្ន សាមឿន ដោយសារតែ​គេ​មើលឃើញ​ថា កាលពី​ពេល​រៀន​នៅ​ប៉ារីស គឺ រ័ត្ន សាមឿន ដែល​ជា​អ្នក​ផ្តើមគំនិត​បង្កើត និង​ចេញមុខ​ចេញមាត់​ដឹកនាំ​ក្រុម​និស្សិត​កុម្មុយនិស្ត​​ព្រមទាំង​ជាអ្នក​ បូរបាច់​ បញ្ចេញ​គំនិត​ទស្សនៈ​ក្នុង​ការ​ប្រជុំ​នានា។

ម្យ៉ាងទៀត នៅពេល​ឡើង​កាន់​អំណាច ប៉ុល ពត ថែមទាំង​បាន​ក្លែង​ប្រវត្តិ​របស់ខ្លួន​ទៀតផង ដើម្បី​លាក់បាំង​កុំ​ឲ្យគេ​ដឹង​ថា​ខ្លួន​ជា សាឡុត ស។ នៅ​ទីក្រុង​ប៉ារីស ជួន ប្រាសិទ្ធ ដែល​ក្រោយមក​ ក្លាយជា​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រជាធិបតេយ្យ​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​គេឯង​ថា ប៉ុល ពត កើត​នៅ​ជាយដែន​ខ្មែរ-វៀតណាម បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​ទៅ​ធ្វើការ​ជា​កម្មករ​ចម្ការ​កៅស៊ូ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

ចំណែកនៅឆ្នាំ១៩៧៧ ឯកអគ្គរដ្ឋទូត​ខ្មែរក្រហម​ ប្រចាំ​ក្រុង​ប៉េកាំង បាន​អះអាង​ថា សមមិត្ត ប៉ុល ពត បាន​ប្រើ​ឈ្មោះនេះ​តាំងពីដើម​មក គឺ​ជា​ឈ្មោះ​ពិត មិនមែន​ជា​ឈ្មោះ​បដិវត្តន៍​នោះទេ។ ចំណែកឯ សាឡុត ស វិញ បាន​ស្លាប់​ក្នុង​សង្រ្គាម​បាត់​ទៅហើយ។

នៅក្នុងអំឡុងពេលនោះ សូម្បីតែ​បងប្អូន សាច់ញាតិ​របស់ សាឡុត ស ក៏មិន​បាន​ដឹង​ដែរ​ថា ប៉ុល ពត គឺ សាឡុត ស។ ចាប់តាំងពី​ពេល​ដែល សាឡុត ស រត់ចេញ​ពី​ភ្នំពេញ​ទៅ​ពួន​នៅក្នុង​ព្រៃ​ នៅ​ឆ្នាំ១៩៦៣ សាឡុត ស មិនដែល​ផ្តល់​ដំណឹង​ដល់​ក្រុមគ្រួសារ​នោះទេ។ នៅពេល​មកដល់​ក្រុងភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ក៏ សាឡុត ស មិន​រវីរវល់​សួរនាំ​រក​បង ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់​ និង​បណ្តុះបណ្តាល​ឲ្យខ្លួន​បាន​រៀនសូត្រ​នោះដែរ។

ប៉ុល ពត មិនត្រឹមតែ​លាក់បាំង​អត្តសញ្ញាណ​ពិត​របស់ខ្លួន ដែល​ជា​មេដឹកនាំ​ប៉ុណ្ណោះទេ សូម្បីតែ​អត្តសញ្ញាណ​របស់​បក្សកុម្មុយនិស្ត​កម្ពុជា​ក៏​ត្រូវ​បាន​លាក់បាំង​ មិនឲ្យ​គេ​ដឹង​ដែរ។ ពួក​ខ្មែរក្រហម​មិនដែល​បញ្ចេញ​ឲ្យ​គេ​ដឹង​ទេ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជា​បក្ស​កាន់អំណាច។ ផ្ទុយទៅវិញ ពួក​ខ្មែរក្រហម​បាន​ប្រើ​ឈ្មោះ “អង្គការ​បដិវត្តន៍” ជំនួសឲ្យ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ ក្រោយមក “អង្គការ​បដិវត្តន៍” ត្រូវបាន​គេ​ហៅ​ដោយខ្លី​ថា “អង្គការ”។ ប្រជាជន​កម្ពុជា​ឮ​ពួក​ខ្មែរក្រហម​ប្រើ​ពាក្យ​ថា “អង្គការ” នេះ​ស្ទើរតែ​រៀងរាល់​ថ្ងៃ រហូត​ដល់​ស៊ាំ​ត្រចៀក តែ​មិនមាន​អ្នកណា​ម្នាក់​ដឹងទេ​ថា តើ “អង្គការ” នេះ​ជាអ្វី?

តាមការពិត ការប្រើ​ឈ្មោះ​សម្ងាត់ ឬ​ឈ្មោះ​បដិវត្តន៍ គឺជា​ទម្លាប់​ដែល​ពួក​មេដឹកនាំ​កុម្មុយនិស្ត​តែងតែ​ធ្វើ​តៗគ្នា​មក ទាំងនៅ​ប្រទេស​កម្ពុជា ទាំងនៅ​ប្រទេស​ផ្សេងៗទៀត។ ដូចជា ស្តាលីន និង​ហូជីមិញ ជាដើម សុទ្ធសឹង​តែ​ជា​ឈ្មោះ​បដិវត្តន៍។

នៅកម្ពុជា ក្រៅពី ប៉ុល ពត មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត ក៏ប្រើ​ឈ្មោះ​បដិវត្តន៍​ដែរ ដូចជា នួន ជា មាន​ឈ្មោះដើម​ថា ឡុង ប៊ុនរួត អៀង សារី ប្រើ​ឈ្មោះ​បដិវត្តន៍​ថា មិត្តវ៉ាន់ ខៀវ សំផន ហៅ មិត្តហែម សុន សេន ហៅ មិត្តខៀវ ឈិត ជឿន ហៅ តាម៉ុក ។ល។ និង ។ល។

ពួក​មេដឹកនាំ​ខ្មែរក្រហម​មានជំនឿ​ថា ការ​លាក់ការណ៍​សម្ងាត់ គឺជា​គន្លឹះ​ដើម្បី​ឲ្យ​បដិវត្តន៍​របស់​ពួកគេ​ទទួលបាន​ជោគជ័យ។ បើគេ​ពិនិត្យមើល​ទៅលើ​របៀប​ដឹកនាំ​របស់​ខ្មែរក្រហម គេអាច​មើលឃើញ​ថា មូលហេតុ​ចម្បង ​ដែល​នាំឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ចូលចិត្ត​លាក់ការណ៍​សម្ងាត់ គឺ​ការ​មិន​ទុកចិត្ត​គ្នា។ ការ​សង្ស័យគ្នា​ទៅវិញ​ទៅមក​នេះហើយ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​កាប់​សម្លាប់​​គ្នាឯង សូម្បី​តែ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម។

ដោយសារ​តែ​ ប៉ុល ពត ចូលចិត្ត​រស់នៅ​ក្នុង​ភាព​អាថ៌កំបាំង មាន​ឯកសារ​តិចតួច​ណាស់ ដែល​សរសេរ​អំពី​ជីវិត​របស់ ប៉ុល ពត នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

នៅក្នុងសៀវភៅ ដែល​មាន​ចំណងជើង​ថា “បងទីមួយ​ប៉ុល ពត” លោក David Chandler បាន ​សរសេរ​ថា នៅក្នុង​ចន្លោះពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​ ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩ ប៉ុល ពត រស់នៅ​ដោយ​មាន​ការ​ការពារ​យ៉ាង​តឹងតែង​ពី​សំណាក់​កងទ័ព​ខ្មែរក្រហម។ ប៉ុល ពត កម្រ​បង្ហាញ​មុខ​នៅ​ទីសាធារណៈ​ណាស់។ ទីលំនៅ​របស់ ប៉ុល ពត នោះ​ទៀតសោត ក៏តែងតែ​ផ្លាស់ប្តូរ​ជារឿយៗ។ ប៉ុន្តែ​ជាទូទៅ​ ប៉ុល ពត ស្នាក់នៅ​ក្នុង​ភូមិគ្រឹះ​មួយ​នៅ​ក្បែរ​វិមាន​ឯករាជ្យ។ នៅក្នុង​ភូមិគ្រឹះ​នេះ មាន​ទឹក មាន​ចរន្ត​អគ្គិសនី និង​មាន​អ្នកបម្រើ ដូចជា​អ្នកយាម អ្នក​បើកឡាន និង​អ្នក​ដាំស្ល ជាដើម។ ប៉ុល ពត ដែល​តែងតែ​អួតអាង​ថា​ខ្លួន​ជាអ្នក​ស្អប់ខ្ពើម​វណ្ណៈ​សក្តិភូមិ ហើយ​ជា​អ្នក​មាន​ទស្សនៈ​សមភាពនិយម រហូតដល់​បណ្តេញ​ប្រជាជន​នៅតាម​ទីក្រុង​ទាំងអស់​ឲ្យ​ទៅ​រស់នៅ​តាម​ទីជនបទ តែ​ខ្លួនឯង​បែរជា​រស់នៅ​ទីក្រុង​ភ្នំពេញ​ មាន​អ្នកបម្រើ​ឆ្វេងស្តាំ តាមរបៀប​ជា​អភិជន​ទៅវិញ។

ឈឹម សាមោក ដែល​ធ្លាប់​ធ្វើជា​នាយក​ខុទ្ទកាល័យ​របស់ ប៉ុល ពត ហើយ​ក្រោយមក​ត្រូវបាន​ជាប់ឃុំ​នៅ​គុក​ទួលស្លែង បាន​ឲ្យ​ដឹង​ថា អ្នកបម្រើ​ក្នុង​ភូមិគ្រឹះ​របស់ ប៉ុល ពត ភាគច្រើន​ជា​ជនជាតិ​ភាគតិច។ នេះ​ប្រហែល​មកពី ប៉ុល ពត មាន​ទំនុកចិត្ត​លើ​ជនជាតិ​ភាគតិច ពេលដែល​គាត់​បាន​ទៅរស់នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​រតនគិរី កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ៦០។

ឈឹម សាមោក ក៏បាន​ឲ្យដឹង​ដែរ​ថា ប៉ុល ពត ជា​មនុស្ស​ឈឺ​ច្រើន ជាពិសេស​គ្រុនចាញ់ និង​ជំងឺ​រាគរូស។ នៅថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៧៦ ប៉ុល ពត ឈឺធ្ងន់​រហូតដល់​ប្រកាស​លាលែង​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី។ នួន ជា ដែលជា​អនុលេខា​បក្ស និង​ជា​ប្រធាន​សភាជាតិ បាន​ឡើងមក​កាន់តំណែង​នាយករដ្ឋមន្រ្តី​ជំនួស ប៉ុល ពត។ ក៏ប៉ុន្តែ​បី​សប្តាហ៍​ក្រោយមក ប៉ុល ពត បាន​វិលត្រឡប់​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​វិញ។

ដោយចេះតែ​មាន​បញ្ហា​សុខភាព​ញឹកញាប់​ពេក​ ប៉ុល ពត ចាប់ផ្តើម​សង្ស័យ​ថា មាន​គេ​លួច​ដាក់​ថ្នាំបំពុល​ក្នុង​ម្ហូបអាហារ។ តាមពិត ប៉ុល ពត រស់នៅ​ក្នុង​ការ​ភ័យខ្លាច​ជា​អចិន្រ្តៃយ៍​ថា​ មាន​គេ​ចង់​លប​ធ្វើឃាត។ រាល់ពេល​ដែល​មាន​ការ​ប្រជុំ​បក្ស​ម្តងៗ ប៉ុល ពត បាន​បញ្ជា​ឲ្យគេ​ឆែកឆេរ​មនុស្ស​ទាំងអស់ ដែល​ចូលរួម​ប្រជុំ។

ការរស់នៅ​ក្នុង​ការសង្ស័យ និង​ការ​ភ័យខ្លាច​ជាប្រចាំ​បែបនេះ បាន​ជំរុញឲ្យ ប៉ុល ពត សម្លាប់​រហូតដល់​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ ធ្លាប់​រួមសុខ​រួមទុក្ខ​ជាមួយគ្នា កាលពី​នៅ​តស៊ូ​ក្នុងព្រៃ។

ការចាប់ខ្លួន​មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស បាន​ចាប់ផ្តើម​ធ្វើឡើង​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​១៩៧៦។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ ប៉ុល ពត បាន​បញ្ជា​ឲ្យគេ​ចាប់ខ្លួន ណៃ សារ៉ាន់ ហៅ យ៉ា លេខាបក្ស​ប្រចាំ​ភូមិភាគ​ឦសាន យកទៅ​ដាក់ឃុំ​នៅ​គុក​ទួលស្លែង ដោយ​ចោទថា​ជា​ភ្នាក់ងារ​យួន មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ។

ការចាប់ខ្លួន​បែបនេះ ក៏ចេះតែ​កើតមាន​ជា​បន្តបន្ទាប់ ជាពិសេស លើ​មន្រ្តី​ខ្មែរក្រហម​ណា​ដែល​មាន​ប្រភព​ចេញពី​បក្ស​ប្រជាជន​បដិវត្តន៍​ ខ្មែរ ដែល​ពួក ប៉ុល ពត តែងតែ​ចាត់ទុក​ថា​ជា​អ្នក​ធ្វើការ​ឲ្យ​ពួក​កុម្មុយនិស្ត​វៀតណាម។

នៅចុងឆ្នាំ១៩៧៨ ប៉ុល ពត ដែល​ជា​មេដឹកនាំ​ដ៏​អាថ៌កំបាំង​នោះ បាន​ចាប់ផ្តើម​បញ្ចេញ​មុខមាត់​ជា​សាធារណៈ​ច្រើន​ជាងមុន ជាពិសេស នៅ​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ១៩៧៨ ប្រមាណ​៣​សប្តាហ៍​មុនពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ដួលរលំ ប៉ុល ពត បាន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​អាមេរិក​ពីររូប​ គឺ​លោកស្រី Elizabeth Becker និង​លោក Richard Dudman ចូល​ជួប​សម្ភាស នៅក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​ជា​លើក​ដំបូង​បំផុត ដែល ប៉ុល ពត យល់ព្រម​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នកកាសែត​មកពី​ប្រទេស​មិនមែន​កុម្មុយនិស្ត។ ការណ៍ដែល ប៉ុល ពត យល់ព្រម​ជួបជាមួយ​អ្នកកាសែត​អាមេរិក​បែបនេះ​បង្ហាញ​ថា គាត់​ទំនង​ជា​កំពុង​អស់សង្ឃឹម​ថា​នឹង​អាច​យក​ឈ្នះ​លើ​កងទ័ព​វៀតណាម ដែល​កំពុងតែ​វាយលុក​លើ​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ថែមទាំង​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​មួយផ្នែក​ផង។ ប៉ុល ពត ប្រហែលជា​សង្ឃឹមថា​នឹងអាច​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដើម្បី​ស្វែងរក​ជំនួយ​ផ្នែក​យោធា​ពី​អាមេរិក មក​ទប់ទល់​នឹង​កងទ័ព​វៀតណាម។

ក៏ប៉ុន្តែ វាយឺតពេល​ណាស់​ទៅហើយ នៅពេលនោះ។ ពួក​ខ្មែរក្រហម​មិនអាច​ទប់ស្កាត់​ការ​វាយលុក ពី​សំណាក់​កងទ័ព​វៀតណាម​បានទេ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ម៉ោង​ប្រមាណជា​៩ព្រឹក មុនពេល​ដែល​កងទ័ព​វៀតណាម​វាយលុក​ចូលដល់​ក្រុង​ភ្នំពេញ ប៉ុល ពត បាន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ តាម​ឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់​ប្រទេស​ថៃ។ របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​បាន​ដួលរលំ៕

No comments:

Post a Comment